សម្រស់កូនស្រីប្តីមុនរបស់ប្រពន្ធ ពេលនៅក្បែរឪចុងយូរៗទៅ ក៏មើលឃើញកូនកាន់តែស្អាតទៅៗ ខណៈដែលប្រពន្ធ កាន់តែអាក្រក់ទៅៗ។ នេះជាដើមភ្លើងដែលនាំឱ្យបុរសកំហ...
សម្រស់កូនស្រីប្តីមុនរបស់ប្រពន្ធ ពេលនៅក្បែរឪចុងយូរៗទៅ ក៏មើលឃើញកូនកាន់តែស្អាតទៅៗ ខណៈដែលប្រពន្ធ កាន់តែអាក្រក់ទៅៗ។ នេះជាដើមភ្លើងដែលនាំឱ្យបុរសកំហូចឋានៈឪចុងយកកូនស្រី ធ្វើជាប្រពន្ធលួចលាក់។ លុះបែកការណ៍ បានត្រឹមដើរចូលគុក។ ឯកូនស្រីរលាស់ខ្លួនរួច ក៏មានប្តីសីត្រឹមត្រូវដែលជារឿងមិនប្លែកប៉ុន្មានទេសម្រាប់សង្គមជឿនលឿន ដើរតាមវិទ្យាសាស្ត្រ និង វប្បធម៌លោកខាងលិច…
●អ្នកស្រី ឡាំ សុភា អាយុ៥៤ឆ្នាំ រស់នៅភូមិ តាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានរៀបរាប់ថា គាត់អភ័ព្វ ណាស់ជាតិនេះ ព្រោះជ្រុលយកប្តីទី២ ដែលជាប្តីប្រភេទត្រីឆ្តោស៊ីកូនឯង នាំក្តីអាម៉ាស់ដល់ពូជពង្សវង្សអម្បូរដែលធ្លាប់ ថ្លៃថ្នូរ។ កាលពីក្រមុំអាយុ១៩ឆ្នាំ រូបគាត់ត្រូវបានឪពុកម្តាយរៀបចំឱ្យមានប្តីឈ្មោះ ភិន ណន់ ជាពោះម៉ាយកូន៧ និង មាន វ័យចាស់ទៀតផង ប៉ុន្តែដោយសារប្តីមានជីវភាពធូរធារ ទើបគាត់មិនប្រកែក។ ការរួមរស់ជាមួយប្តីពោះម៉ាយនោះ បង្កើតបាន កូនស្រីមួយ តែជាអកុសល ប្តីចាស់ក៏មានជំងឺធ្ងន់ព្យាបាលមិនជា ទទួលមរណភាពទៅ ទុកឱ្យគាត់ក្លាយជាស្រី មេម៉ាយរស់នៅជាមួយកូន គឺគាត់រួមរស់ជាមួយប្តីបានតែ៣ឆ្នាំប៉ុណ្ណោះក៏ព្រាត់គ្នាជារៀងរហូត។ គាត់ទ្រាំមេម៉ាយយូរណាស់ គឺរហូតដល់កូនស្រីឈ្មោះ ភិន សុភ័ណ ធំពេញជំទង់(សព្វថ្ងៃនាងមានអាយុ២៥ឆ្នាំ)ក៏មានបុរសពោះម៉ាយម្នាក់ទៀតឈ្មោះ សុត សុះ ទាក់ទងសុំស្នេហ៍គាត់។ ដោយចង់បានប្តីជាបង្អែក គាត់ក៏សម្រេចចិត្តសែនព្រេនយកគេជាប្តីទី២ទៅ។ តាមពិត ប្តីទី២នេះមានស្រុកកំណើតនៅកម្ពុជាក្រោម ជាពោះម៉ាយកូន៤ បានឡើងមករកស៊ីនៅខេត្តតាកែវ ឃើញគាត់រាល់ថ្ងៃ ក៏តាមចែចង់រហូតដល់គាត់បាក់ចិត្តស្និទ្ធស្នេហ៍។

អ្នកស្រីឡាំ សុភា បន្តថា មុនមកយកគាត់ ប្តីទី២នេះធ្លាប់មានប្រពន្ធទី១នៅស្រុកគិរីវង់ ខេត្តតាកែវ ប៉ុន្តែបានដាច់ដោចគ្នាទៅ។ លុះមករួមរស់ជាមួយគាត់ មុនដំបូង គេពូកែរកស៊ីណាស់ គឺក្រៅពីមុខរបរធ្វើស្រែចម្ការ គេមានសមត្ថភាពឡើងត្នោត រម្ងាស់ស្ករដឹកទៅលក់ ប្រមូលបានផលកម្រៃឱ្យប្រពន្ធទុកដាក់មិនដែលដាច់។ គាត់និងប្តីទី២នេះ រួមរស់នឹងគ្នាជិត១០ឆ្នាំ បង្កើតបានកូនស្រីម្នាក់ទៀតស្របពេលដែលនាង ភិន សុភ័ណ ធំពេញក្រមុំដែរ។ ពេលឃើញកូនស្រីបែកសាច់ទ្រលុកទ្រលន់ ស្រាប់តែប្តីនេះបែកគំនិតលួចស្រឡាញ់កូន ភ្លេចគាត់ជាប្រពន្ធ។ លុះគាត់តាមដានទាន់ក៏ផ្ទុះរឿងតែម្តង។
ស្ត្រីចំណាស់បញ្ជាក់ថា ថ្ងៃមួយពេលគាត់មិននៅផ្ទះ ប្តីនេះបានចាប់រំលោភកូនស្រីប្តីមុនរហូតបានសម្រេច ដោយគំរាមនាងមិនឱ្យប្រាប់គាត់ជាដាច់ខាត បើកូនហ៊ាននិយាយ គេនឹងអារកចោលនឹងកាំបិតត្នោត។ ដោយខ្លាចឪចុងធ្វើបាប កូនស្រីកម្សត់ចេះតែសម្ងំស្ងៀម បានដៃឪពុកអប្រិយយកធ្វើប្រពន្ធលួចលាក់តែម្តង។ ក្រោយមក ក៏មានកំលោះម្នាក់បានចូលស្តីដណ្តឹងកូនស្រីនេះ ដែលគាត់យល់ព្រមលើកឱ្យដោយមិនរួញរា ស្រាប់តែឪចុងបដិសេធហួងហែងមិនលើកឱ្យជាដាច់ខាត។ ចាប់តាំងពីពេលនោះមក ប្តីអប្រិយឧស្សាហ៍ប្រើអំពើហិង្សាមកលើគាត់រហូតមានស្នាមរបួសជាច្រើនកន្លែង។ គាត់ទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ប្តីនេះទៅអប់រំ។ លុះ ឃើញឱកាសល្អបែបនេះ កូនស្រីក៏ជួយប្តឹងថែមពីបទឪចុងចាប់រំលោភបង្ខំយកនាងធ្វើប្រពន្ធលួចលាក់។ ពីមុននាងមិនហ៊ានប្តឹងទេព្រោះខ្លាចឪចុងសម្លាប់។ លុះដឹងថា ឪចុងជាប់ខ្នោះ ក៏ប្តឹងបន្ថែមតែម្តង ទើបសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនប្តីនេះ ទៅតុលាការ និង កាត់ទោសឱ្យជាប់គុកជាង១០ឆ្នាំឯណោះដោយជាប់ចោទជាច្រើនករណី។ លុះរលាស់ខ្លួនរួចពីកណ្តាប់ដៃឪចុងមក កូនស្រីនេះក៏ចេញទៅធ្វើការរោងចក្រ រកបានប្តីម្នាក់ សព្វថ្ងៃកំពុងរួមរស់ជាមួយគ្នានៅខេត្តកំពង់ស្ពឺឯណោះ។

ដោយឡែកលោក លួន ប៉ាន អាយុ៦៥ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងថាឈ្មោះ សុត សុះ ពិតជាបានគំរាមកំហែងយកកូនស្រីប្តីមុនរបស់ប្រពន្ធ ធ្វើប្រពន្ធលួចលាក់ប្រាកដមែន។ តាមពិតដោយសារនាង សុភ័ណ ខ្លាចស្លាប់ទើបនាងមិនហ៊ាននិយាយ បានទាំងបង្កភាពស្និទ្ធស្នាល ស្អិតល្មួតជាមួយឪចុងទៀតផង។ ពេលនាង សុភ័ណ ទៅធ្វើការរោងចក្រ លោក សុះ ឧស្សាហ៍ទៅមើលណាស់ មានទាំងចំណីអាហារ លុយកាក់ទៅឱ្យនាងទៀតផង ដោយព្យាយាមហួងហែងមិនឱ្យនាងទាក់ទងកំលោះណាទេ។ លុះលោក សុះ ប្រើអំពើហិង្សាធ្វើឱ្យប្រពន្ធទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ច ហើយពេលឃើញឱកាសល្អ នាងសុភ័ណ ក៏ប្តឹងបន្ថែមទៀត រហូតដល់បុរសត្រីឆ្តោស៊ីកូនឯងនេះដេកគុក។ គ្រាន់តែឪចុងចូលគុកភ្លាម នាង សុភ័ណ តោងបានប្តីកំលោះរោងចក្រម្នាក់ភ្លែតដែរដែលសព្វថ្ងៃនាងនិងប្តីកំពុងល្អូកល្អិននឹងគ្នា មិនដែលឃើញមកស្រុកទេ ដោយទុកអ្នកស្រី ឡាំ សុភា ឱ្យនៅពីរនាក់កូនស្រីជាឈាមរបស់ប្តីកំហូចនេះ។

ដោយឡែកនាង ភិន សុភ័ណ អាយុ២៥ឆ្នាំ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ។ ប៉ុន្តែ យើងរង់ចាំការបកស្រាយពីនាងជានិច្ច នៅពេលក្រោយ។

គួរបញ្ជាក់ថា ធម្មតាបុរសល្មោភកាមដែលរកបានប្រពន្ធក្រោយជាស្ត្រីមេម៉ាយមានកូនក្រមុំនោះ តែងហួងហែងកូនទុកយកខ្លួនឯង។ ករណីបែប នេះមានជាហូរហែធ្លាប់ចុះផ្សាយកន្លងមក។ ជួនកាល ភាគីកូនស្រីនោះក៏ខូចដែរ ព្រោះឪចុងឬប្តីរបស់ម្តាយនៅក្មេងស្របាលនាង ឬ ថាស្រីមេម៉ាយនោះយកប្តីកំលោះ ក៏គេចមិនផុតពីរឿងត្រីឆ្តោស៊ីកូនឯង។ ទោះស្ត្រីជាប្រពន្ធ និង ជាម្តាយប្រចណ្ឌហួងហែងប្តីខ្លួនមិនឱ្យទាក់ទងកូនស្រីយ៉ាងណាក៏ទប់មិនជាប់ដែរ ដែលជួនកាលឪចុង និង កូនស្រីនោះពង្រត់គ្នាទៅបាត់ និង យកគ្នារហូតបានកូន។ ដល់អ៊ីចឹងទៅ ស្ត្រីជាម្តាយ និង ជាប្រពន្ធបានទុកអតីតប្តីខ្លួនជាកូនប្រសាវិញក៏មានដែរ៕
ប្រភព៖នគរធំ
COMMENTS